លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន ប្រគេនថវិកា បន្ថែមដល់ព្រះចៅអធិកាវត្ត អំពិលពរប្រាក់ ដើម្បីចាក់ប៉េតុងស្ពាន នៅស្រុកព្រះនេត្រព្រះ

(បន្ទាយមានជ័យ)៖ដោយពិនិត្យមើលឃើញពីភាពខ្វះខាត នៃការសាងសង់ស្ពានឆ្លង ស្ទឹងក្រឡាញ់មុខវត្ត អំពិលពរប្រាក់ ស្ថិតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយបានភ្ជាប់ទៅនឹងឃុំសំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប ដែលបច្ចុប្បន្នកសាងបានប្រមាណជាង៥០%ហើយ។
កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ចេញចុះពិនិត្យផ្ទាល់នៃការសាងសង់ស្ពានមួយខ្សែនេះ ដែលមានបណ្ដោយ៥៥m ទទឹង៥,៣m ធ្វើពីបេតុងអាមេ ដែលស្ពានមួយខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់នៃការឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក្នុងនោះផងដែរលោកជំទាវ មៅ ម៉ាល័យ កែគឹមយ៉ាន បានចូលរួមជាទឹកប្រាក់ចំនួន ៩២០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ចាក់ប្លង់សេ សរុបចំនួន ១១៥ម៉ែត្រគុប។
លោក មាស ហឹក ដែលជាអាជ្ញាធរមូលដ្ឋានរួមជាមួយនឹងព្រះតេជគុណ ភិក្ខុបញ្ញាធរោ លន់ គឹមសាន ព្រះគ្រូចៅអធិការវត្តអំពិលពរប្រាក់បានសម្តែងនូវអំណរគុណ និងអរគុណចំពោះលោកជំទាវម៉ៅ ម៉ាល័យ ដែលមានសទ្ធា ចូលរួមកសាងនូវស្ពានមួយខ្សែនេះឱ្យបានឆាប់រួចរាល់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងបានធ្វើដំណើរឆ្លងកាត់តាមស្ពានមានសារៈសំខាន់ ដូចជា សិស្សានុសិស្សបានឆ្លងកាត់រៀនសូត្រ ប្រជាកសិករ និងកសិផលទៅវិញទៅមក និងប្រជាពលរដ្ឋធម្មតាធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាពបានទាន់ពេលវេលា។
ព្រះតេជគុណ លន់ គឹមសាន មានសង្ឃដីកាបន្តថា តាមការគ្រោងទុកនៃការសាងសង់ស្ពាននេះ ត្រូវចំណាយថវិកាអស់ប្រមាណ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ចំពោះថវិកាដែលបានមក ពីលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ក្រុមជាងនិងធ្វើការសាងសង់បន្តបានប្រមាណ ៥០% ទៅ៧០%ប៉ុណ្ណោះ។ដូចនេះក្នុងនាមព្រះគ្រូចៅអធិការវត្តអម្ពិលពរប្រាក់ ដែលជាអ្នកដឹកនាំព្រោះផ្ដើមកសាងស្ពាននេះ សុំធ្វើការបិណ្ឌបាតនិងអំពាវនាវម្តងទៀត ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ាសប្បុរសជនជិតឆ្ងាយ មេត្តាចូលរួមទៅតាមសទ្ធាជ្រះថ្លាចូលរួមចំណែកបន្តជួយកសាងស្ពានមួយខ្សែនេះ ឱ្យបានរួចរាល់ជាស្ថាពរ ទោះតិចក្ដីច្រើន ក៏បាននាំមកនូវជាកម្លាំងសាមគ្គី ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ។ចុងក្រោយ ព្រះតេជគុណ និងអាជ្ញាធរមូលដ្ឋាន ប្រជាពុទ្ធបរិស័ទសូមជូនពរបវរសួស្ដី មានជោគមានជ័យ សិរីមង្គលបញ្ញាបាធី សក្ដានុពលចូល មានដល់ឯកឧត្តមលោកជំទាវ កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ជានិរន្តរ៍ តរៀងទៅ៕