កុមារប្រុស ស្រី២នាក់បងប្អូនលង់ទឹកស្លាប់ ខណៈពេលទៅបេះឈូកក្នុងបឹងក្រោយផ្ទះ នៅក្នុងស្រុកបរិបូណ៌
(ខេត្តកំពង់ឆ្នាំង)៖ក្មេងប្រុសស្រី២នាក់បងប្អូនបង្កើត បានលង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ខណៈពេលទៅបេះឈូកជាមួយឪពុក និងម្ដាយមីងក្នុងបឹងក្រោយផ្ទះ ស្ថិតនៅភូមិត្រពាំងពោធិ៍ ឃុំឃុនរង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
តាមការបញ្ជាក់ពីលោក ប៉ែន សុផារី អធិការរងនគរបាលស្រុកបរិបូណ៌ទទួលបន្ទុកព្រហ្មទណ្ឌ បានបញ្ជាក់ថា កុមាររងគ្រោះដោយសារលង់ទឹកខាងលើមានកុមារី យ៉ុង វន្នី អាយុ ១២ឆ្នាំ និងកុមារា យ៉ុង បញ្ញា អាយុ ៧ឆ្នាំ ឪពុកឈ្មោះ សុខ ធី និងម្ដាយឈ្មោះ សុខ នី មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ កុមាររងគ្រោះខាងលើបានទៅបេះឈូកជាមួយឪពុក និងម្ដាយមីង ប៉ុន្តែពេលបេះឈូក បានដើរបែកគ្នានៅក្នុងបឹងមួយកន្លែងនៅចម្ងាយប្រមាណ ១០០ ម៉ែត្រពីខាងក្រោយផ្ទះ របស់ពួកគាត់ ខណៈពេលដែលកំពុងបេះឪពុក និង ម្តាយមីងបានបាត់មិនឃើញក្មួយៗ ក៏ដើរត្រឡប់មកវិញហើយមានការសង្ស័យក៏ចុះរាវក្នុងបឹង ក៏ស្រាប់តែឃើញក្មួយៗលង់ទឹកស្លាប់អោបគ្នាទាំង២នាក់បាត់ទៅហើយ ។
ដោយមានការសង្ស័យក្រុមគ្រួសារបានដឹកយកក្មេងរងគ្រោះទាំង២នាក់ទៅមណ្ឌលសុខភាពស្រុកបរិបូរ ដើម្បីជួយសង្គ្រោះ ក្រោយមកក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគេបានស្លាប់បាត់ទៅហើយ និងបានប្រគល់ឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ ព្រមទាំងប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕