ព័ត៌មានជាតិ

ឯកឧត្តម អ៉ី ឈាន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ កងកំលាំងទាំងបីប្រភេទក្រោយបញ្ចប់បុណ្យចូលឆ្នាំប្រពៃណីជាតិ

(ប៉ៃលិន)៖កាលពីចុងសប្តាហ៍នៅសាលាខេត្តប៉ៃលិន ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូល​ដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់កងកំលាំងចម្រុះទាំង ៣ប្រភេទ ដែលបានបំពេញបេសកកម្មការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៉ី ឈាន បានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋា​ភិ​បាល​​កម្ពុជា ក្រោម​​ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ជាពិសេសបានបង្កលក្ខណៈ​ងាយ​ស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់ប្រកបដោយភាពសុខដុម ហើយអាចប្រារព្ធពិធីបុណ្យធំៗបាន ដូចជា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយសារការចម្លងរីករាលដាលនៃ​ជម្ងឺ​កូវីដ-១៩ យើងខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន ២ឆ្នាំមកហើយ ប៉ុន្តែនៅឆ្នាំនេះ ដោយសារការអនុវត្តន៍វិធានទុបស្កាត់ការចម្លងរីករាលនៃជម្ងឺកូវីដ-១៩ មានប្រសិទ្ធភាពក្រោមការដឹកនាំ​បញ្ជាផ្ទាល់ របស់សម្តេចតេជោ សែន ទើបឆ្នាំនេះយើងអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានយ៉ាងសប្បាយរីករាយនៅទូទាំងប្រទេស ជាក់ស្តែងនៅខេត្តប៉ៃលិនឆ្នាំនេះ រដ្ឋបាលខេត្តប៉ៃលិន ក្រោម​កិច្ចដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានរៀបចំសង្ក្រាន្តយ៉ាងល្អ សម្រាប់បង្ក​បរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋកម្សាន្តសប្បាយ ក្រោមកិច្ចថែរក្សា ការពារសណ្តាប់ធ្នាប់ សុខសុវត្ថិភាព ពីសំណាក់កងកំលាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចម្រុះ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៉ី ឈាន ក៏បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងចម្រុះទាំង ៣ប្រភេទ ដែលបានលះបង់ពេលវេលាជាមួយក្រុម​គ្រួសារ និងខិតខំបំពេញការងារទាំងកំលាំងកាយចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់​ ដើម្បី​បំពេញ​បេសកកម្មថែរក្សា ការពារសណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកនេះ។

សូមបញ្ជាក់ថា៖ ក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៉ី ឈាន បានឧបត្ថម្ភដល់កងកម្លាំងចម្រុះទាំង ៣ប្រភេទ រួមមាន៖ ១-ស្នងការដ្ឋាននគរបាលខេត្ត ទទួលបានភេសជ្ជៈ ចំនួន ១០០កេស និងថវិកា ២លានរៀល  ២-កងរាជអាវុធហត្ថខេត្ត ទទួលបានភេសជ្ជៈ ចំនួន ៦០កេស និងថវិកា ២លានរៀល ៣-តំបន់ប្រតិបត្តិការសឹករងខេត្ត ទទួលបានភេសជ្ជៈ ចំនួន ១០០កេស និងថវិកា ២លានរៀល ចំណែកកងកម្លាំងចម្រុះ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button