សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ត្រីទាំងអស់ ត្រូវចាត់ទុកប្រជាពលរដ្ឋជាចៅហ្វាយនាយ ដែលត្រូវយើងបម្រើ

(ព្រៃវែង)៖ថ្លែងនៅក្នុងពិធីសម្ពោធផ្សារថ្មី ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានណែនាំដល់មន្ត្រីទាំងអស់ ត្រូវចាត់ទុកប្រជាពលរដ្ឋ ជាចៅហ្វាយនាយ និងជាស្ដេចជាមេការ ជាអ្នកដែលយើងត្រូវគោរព និងជាអ្នកដែលត្រូវយើងបម្រើ ។ មន្ត្រីត្រូវទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតហើយ មិនត្រូវប្រព្រឹត្ត អំពើពុករលួយ និងត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសអនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម ក៏បានស្នើដល់គ្រប់គណបក្សនយោបាយទាំងអស់ទាំង ត្រូវធ្វើសកម្មភាព ឲ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់របស់គណៈកម្មការរៀបចំការបោះឆ្នោត។ក្នុងនោះសម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមត្រៀមឯកសារអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នា ដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។ទន្ទឹមនោះដែរសម្ដេចក៏បានឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចជាមួយភាគីពាក់ព័ន្ធទាំងអស់ខិតខំបំពេញភារកិច្ចបំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់នេះ ឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិក្នុងជំហរពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការកែទម្រង់ជាប្រវត្តិសាស្ត្រនូវរចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕