ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន បង្កើនការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ
(កំពង់ចាម)៖ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់អាជ្ញាធរស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន កម្លាំងនគរបាលប៉ុស្តិ៍ មេភូមិ និងប្រជាការពារ ឱ្យបង្កើនការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិត។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានថ្លៃងការកោតសរសើរចំពោះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តសរុប ចំនួន ១០៩ គឺទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ លើការប្រឡងប្រណាំងភូមិ–ឃុំ សង្កាត់មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២១ កន្លងទៅផងដែរ ៕