ប្រាប់ប្រពន្ធមានអាការៈផ្តាសសាយ ទិញថ្នាំលេប ព្រឹកឡើងដេស្លាប់នៅលើគ្រែ

(បន្ទាយមានជ័យ)៖បុរសវ័យ ៤២ឆ្នាំម្នាក់ ដេកស្លាប់នៅលើគ្រែក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលនាព្រឹកព្រលឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ខណៈប្រពន្ធដាស់ឲ្យជូនកូនទៅសាលារៀន តែប្តីមិនឆ្លើយតប។
សពមានឈ្មោះ ស៊ិប ផល ភេទប្រុស អាយុ៤២ឆ្នាំ រីឯប្រពន្ធមានឈ្មោះ ហង្ស សាលឿន អាយុ៣៧ឆ្នាំ អ្នកទាំងពីរស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បើតាមប្រពន្ធសពបានរៀបរាប់ថា នៅមុនពេលប្តីខ្លួនស្លាប់ ពោលគឺវេលាម៉ោងប្រមាណជា០៧ល្ងាចបានប្រាប់ថា គាត់មានអាការៈផ្តាសសាយ ហើយបានទិញថ្នាំលេប ពេលលេបថ្នាំបាត់ផ្តាសសាយ រួចហើយគាត់ក៏បានដេកមើលទូរទស្សន៍ជាធម្មតា បន្ទាប់មកគាត់ក៏បានចូលដេកលើគ្រែតែម្នាក់ឯង ព្រោះខ្លាចឆ្លងជំងឺផ្តាសសាយដល់ប្រពន្ធនិងកូន។លុះដល់ម៉ោង០៦និង១០ព្រឹក ប្រពន្ធរបស់សពក៏បានដាស់ប្តីឲ្យជូនកូនទៅសាលារៀន តែប្តីមិនឆ្លើយតប ពេលនោះទើបដឹងថាប្តីបានស្លាប់តែម្តង។
ប្រពន្ធសពបញ្ជាក់ថា ប្តីរបស់ខ្លួនមានជំងឺប្រចាំកាយដូចជា ក្រពេះ,ពោះវៀន និងរលាក់តំរ៉ងនោម ហើយលេបថ្នាំជាប្រចាំ ដោយពុំមានប្រតិកម្មអ្វីឡើយ។
ពាក់ព័ន្ធករណីខាងលើនេះ ក្រោយពីបានទទួលព័ត៌មាននេះភ្លាម នគរបាល អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ បានបង្កើតគណៈកម្មការ ដើម្បីធ្វើការពិនិត្យលើសាកសព ជាលទ្ធផលក្រោយពីធ្វើកោសល្យវិច្ច័យរួចពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធលើករណីឃាតកម្មនោះទេ តាមការសន្និដ្ឋានរបស់គ្រូពេទ្យសពស្លាប់ដោយសារគាំងបេះដូង រួចប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕