ព័ត៌មានជាតិ

អភិបាលខេត្តកំពត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវពីរខ្សែ ដែលជាអំណោយរបស់សម្តេចតេជោ ផ្តល់ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកដងទង់

ខេត្តកំពត:ផ្លូវពីរខ្សែដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកដងទង់ ខេត្តកំពត តាមរយៈឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ត្រូវបានបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ផ្លូវដែលកំពុងបើកការដ្ឋានសាងសង់នេះ ក្រាលកៅស៊ូមួយខ្សែប្រវែង ២០គីឡូម៉ែត្រ និងផ្លូវបេតុងមួយខ្សែទៀតមានប្រវែង ៤គីឡូម៉ែត្រ ហើយផ្លូវទាំងពីរខ្សែនេះឆ្លងកាត់ឃុំចំនួន៤ និងភូមិចំនួន៨ ក្នុងស្រុកដងទង់។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកដងទង់ទាំងអស់ផងដែរ។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា សមិទ្ធផលផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងដែលកើតឡើងបាននាពេលនេះ គឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបអាចមានឱកាសក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ហើយសន្តិភាពនោះទៀតសោតគឺបានមកពីការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វះស្វែងរកមកជូនជាតិ ជូនប្រជាជនដោយយកជីវិតទៅប្តូរ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេស ប្រជាជន មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ដូច្នេះយើងជាប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាតំលៃនៃសន្តិភាពនេះឱ្យបានគង់វង្សតទៅមុខទៀត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!