សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នាំយកអំណោយផ្តល់ជូនគ្រួសារទីទ័លក្រ ចាស់ជរា និងរងនូវផលប៉ះពាល់ជំងឺ១៩ ចំនួន២២៧គ្រួសារ នៅស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារអញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសារទីទ័លក្រ ចាស់ជរា និងរងនូវផលប៉ះពាល់ ដោយសារជំងឺ១៩ ចំនួន២២៧គ្រួសារ ក្នុងស្រុកមង្គលបូរី។ទៅក្នុងនោះមានការបែងចែក៣ទីតាំងផ្សេងពីគ្នា ដោយទី១–នៅផ្សារបូរីមានជ័យ ចម្ការតាដោក ចំនួន៨៥គ្រួសារ,ទី២–ក្នុងបរិវេណវត្តស្រះរាំងចំនួន៧៣គ្រួសារ ,ទី៣-នៅក្នុងបរិវេណវត្តប៉ោយចារ ឃុំរហាត់ទឹកចំនួន៦៩ គ្រួសារ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ធំជាងគេ នៅក្នុងប្រទេសកម្ពុជាយើង ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី មិនថាជិតឆ្ងាយក្ដី។ហើយការផ្តល់នូវអំណោយនេះគឺមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយទេ។ទីណាបងប្អូនជួបនូវការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមជានិច្ច។
ឯកឧត្តម អ៊ុំ រាត្រី បន្តថា បច្ចុប្បន្ននេះប្រទេសកម្ពុជាយើង កំពុងតែមានហានិភ័យនៅឡើយ ចំពោះជំងឺកូវីដ១៩ ប៉ុន្តែទោះបីជាមានការលំបាកច្រើនយ៉ាងណាក្ដីក៏រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំជម្នះគ្រប់ឧបសគ្គក្នុងការដណ្តើម បាននូវសិទ្ធិមនុស្សដ៏សំខាន់បំផុត ជូនប្រជាជាតិ គឺសិទ្ធិរស់រានមានជីវិត តាមរយៈការស្វែងរក នូវការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ដែលរហូតមកដល់ពេលនេះប្រជាពលរដ្ឋចំនួន៩០%នៃប្រជាជនសរុបចំនួន១៦លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺនេះរួចហើយ និងកំពុងបន្តចាក់ដោយជំរុញនិងពង្រឹងការអនុវត្តនូវវិធានការសុខាភិបាល និងការព្យាបាលជាបន្តបន្ទាប់ទៀត ប្រកបដោយប្រសិទ្ធភាព។
ចំពោះអំណោយ ដែលត្រូវបានយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារទទួលបានៈអង្ករ ២៥ គីឡូក្រាម ,ត្រីខ ១០កំប៉ុង ,មី ០១កេសតូច ,ទឹកត្រី ០៣ដប ,មុង ១ ភួយ ១ ,សារុង ១ ,ក្រមា ១ ,អាវយឺត ០២ ,ជែលលាងដៃ ១ដប និងថវិកា ២មឺនរៀល៕