បញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានេះជ័យ)៖ក្រោយពីទទួលបានព័ត៌មាន ពីសន្តិសុខយាមនៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះដល់ចំណុចកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ថាត់សាណៃ ធានហេង ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិថៃ ព្រមទាំងដកបាននូវហូតវត្ថុតាងរួមមាន គ្រឿងញៀនម៉្សៅក្រាមពណ៌សថ្លាចំនួន០១កូនថង់កិប ស្មើនឹងទម្ងន់៣,៤៧ក្រាម និងគ្រឿងញៀនម៉្សៅម៉ត់ពណ៌ស ចំនួន០២កូនថង់កិប ស្មើនឹងទម្ងន់់១,៩៨ក្រាម រួចបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យជាជនជាតិថៃ ក្រោយពីកម្លាំងជំនាញសួរនាំរួចបាឆ្លើយសារភាពថា រូបគេពិតជាបានទិញគ្រឿងញៀនខាងលើនេះ មករក្សាទុកសម្រាប់ប្រើប្រាស់ខ្លួនឯងពិតប្រាកដមែន ។ដោយផ្អែកលើវត្ថុតាង និងស្ដាប់ចម្លើយរបស់ជនសង្ស័យផងនោះ ទើបកម្លាំងជំនាញគ្រឿងញៀនមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់់ការបន្តតាមនិតិវិធី៕